ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខភាព Miss Cosmo Cambodia 2025 សុទ្ធតែខ្លាំងៗ

ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Miss Cosmo Cambodia 2025 កាន់តែធ្វើឱ្យអ្នកគាំទ្រ ភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ខ្លាំង ជាពិសេសក្នុងឈុត ហែលទឹក ឈុតតំណាងជាតិ និង ឈុតរាត្រីស្រមោលស ។ 

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Miss Cosmo Cambodia 2025 នេះ គឺពិតជាទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ទាំងការរៀបចំឆាក និងការបង្ហាញខ្លួនរបស់បេក្ខភាព ដើម្បីដណ្តើមមកុដ Miss Cosmo Cambodia 2025 ត្រៀមនឹងចេញទៅឆាកអន្តរជាតិ ។ 

បេក្ខភាព Miss Cosmo Cambodia 2025 នៅក្នុងឆ្នាំនេះពិតជាខ្លាំងៗនិងមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យគណកម្មការមានការពិបាកក្នុងការផ្តល់ពិន្ទុ តែទោះជាយ៉ាងគណកម្មការទាំងអស់បានឱ្យបេក្ខភាពទាំងអស់ ប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពនៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីទទួលបានពិន្ទុល្អពីគណកម្មការ ។ 

គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Cosmo Cambodia 2025 គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហ៍កម្មបវរកញ្ញារបស់ប្រទេសកម្ពុជា ដោយបានប្រមូលផ្តុំនូវបវរកញ្ញាសម្រស់លំដាប់កំពូល មុខមាត់ថ្មី រួមទាំងអ្នកឧបត្ថម្ភដែលបំបែកកំណត់ត្រា។ ក្នុងនាមជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញដៃគូរសហការដ៏ខ្លាំងបែបនេះ ព្រឹត្តិការណ៍នេះបានធ្វើឱ្យ Miss Cosmo Cambodia ក្លាយជាវេទិកាឈានមុខគេសម្រាប់ការពង្រឹងសមត្ថភាព សម្រស់ និងតំណាងទូទាំងពិភពលោក ។

លោកស្រី Fiffany Vu អ្នកគ្រប់គ្រង Miss Cosmo Cambodia បានបង្ហាញពីចំណាប់អារម្មណ៍ថា ក្នុងនាមជា ND មួយរូបលោកស្រីពិតជាមានភាពសប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង ចូលរួមទស្សនាដោយផ្ទាល់ និងតាមទូរទស្សន៍ និងផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ពិសេសលោកស្រី សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះ។

លោកស្រី Fiffany Vu បានបន្ថែមថា គោលដៅរបស់យើងគឺបញ្ចូលនូវចំនុចដែលល្អបំផុតនៃពិភពលោកយើងទាំងពីរ ។ យើងប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដាពិភពលោករបស់ Miss Cosmo Cambodia ដោយបានផ្តល់នូវការផលិតគ្រប់ដំណាក់កាលដែលមានគុណភាពខ្ពស់ បេសកកម្មជំរុញឲ្យមានសកម្មភាព និងវេទិកាដែលមានឥទ្ធិពល ។

កុំភ្លេចចូលរួមទស្សនាវគ្គប្រកួតផ្តាច់ព្រ័ត្រ Miss Cosmo Cambodia 2025 ទាំងអស់គ្នានៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៥ ថាតើបេក្ខភាពរូបណានឹងមានសំណាងបានគ្រងមកុដ Miss Cosmo Cambodia 2025 ដើម្បីតំណាង កម្ពុជា ទៅឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា អ៊ិន លក្ខិណា ៕