មិនគួរឱ្យជឿ ទេព បូព្រឹក្ស និង ជី ដេវីត ចង់បានកូន៥ទៅ៧នាក់បង្កើតគ្រួសារធំ !

បន្ទាប់ពីរៀបការធំតាមបំណងប្រាថ្នារួច តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត មានបំណងចង់បង្កើតគ្រួសារធំមួយដោយយកកូនចំនួន ៥ទៅ៧នាក់បើអាចទៅរួច ។

តារាចម្រៀង ទេព បូព្រឹក្ស ញញឹមបិទមាត់មិនជិតឡើយនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន ពីព្រោះជាក្តីស្រមៃដែលនាងប៉ងជាយូរមកហើយ តាំងពីចាប់ផ្តើមស្រឡាញ់គ្នាជាមួយលោក ជី ដេវីត ។ ក្រោយពីបំពេញបំណងខ្លួននិងក្រុមគ្រួសាររួច ទេព បូព្រឹក្ស និងលោក ជី ដេវីត មានបំណងនឹងយកកូនភ្លាមៗជាបន្តបន្ទាប់ ។

លោក ជី ដេវីត មានបំណងចង់បានកូន៥នាក់នៅក្នុងគ្រួសារ ដោយឡែកចំពោះអ្នកនាង ទេព បូព្រឹក្ស មានបំណងចង់បានកូនរហូតដល់ទៅ៧នាក់ប្រសិនបើអាចទៅរួច ។ អ្នកទាំងពីរថា មានកូនច្រើនល្អ សប្បាយ គ្រួសាររីករាយ ។ ទាំងអ្នកគាំទ្រ និង សិល្បករសិល្បការិនីជាច្រើនបានផ្ញើសារជូនពរអ្នកទាំងពីរស្រឡាញ់គ្នា និងបានកូនច្រើនសមតាមប្រាថ្នា ។

មិនថាគូស្នេហ៍គូចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ចង់បង្កើតគ្រួសារធំប៉ុណ្ណាក្តី ក៏ជីវិតរបស់អ្នកទាំងពីរលែងលំបាកទៀតហើយ ពីព្រោះក្នុងមួយឆ្នាំៗអ្នកទាំងពីរអាចរកប្រាក់ចំណូលបានក្បែរខ្ទង់លានដុល្លារឯណោះ ទាំងអាជីវកម្ម ការងារចម្រៀង និងធ្វើជា BA ឱ្យបណ្តាក្រុមហ៊ុនធំៗជាច្រើន…ជាក់ស្តែងពេលនេះ មិនថាផ្ទះសំបែង ដីធ្លី រថយន្តទំនើបៗ និង ទ្រព្យសម្បត្តិនានា គឺជីវិតអ្នកទាំងមានហូរហៀរហើយ ដូច្នេះហើយក្នុងមួយឆ្នាំៗអ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចាយជីវិតហ៊ឹហារនៅក្រៅប្រទេសយ៉ាងរីករាយបំផុត ។    

ក្រោយពិធីមង្គលការបានបញ្ចប់ ទេព បូព្រឹក្ស មានគម្រោងនឹងចេញទៅសម្តែងនៅក្រៅប្រទេស ដោយត្រៀមនាំយកនូវវប្បធម៌ អរិយធម៌ខ្មែរជាច្រើនចេញទៅសម្តែងឱ្យបរទេសបានឃើញ នាងរំពឹងថា ការសម្តែងនេះនឹងផ្ទុះខ្លាំង ពីព្រោះជាការសម្តែងលើកដំបូងក្នុងឆាកជីវិតរបស់នាង ៕