ខួបកំណើតវ័យ៤០ឆ្នាំតារាចម្រៀង ពេជ្រ សោភា នៅតែត្អូញត្អែរមិនចេះចប់មិនចេះហើយ មើលទៅហាក់បីដូចជាកំសត់ណាស់ នាងតែងតែស្រក់ទឹកភ្នែកជារៀងរាល់ឆ្នាំ ដោយសារខ្វះភាពកក់ក្តៅ ។

ចូលវ័យ៤០ឆ្នាំតារាចម្រៀង ពេជ្រ សោភា កាន់តែមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងវ័យដដែល នាងមិនចាស់ទៅតាមវ័យរបស់ខ្លួនឡើយ រហូតមានអ្នកគាំទ្រជាច្រើនសរសើរថា ពេជ្រ សោភា ស្អាតជាងកាលនៅពីក្មេងទៀត ។
ពេជ្រ សោភា ពិតជារំភើបចិត្តណាស់នៅពេលដែលទទួលបានពាក្យសរសើរ ប៉ុន្តែអ្វីដែលនាងមិនសូវសប្បាយចិត្តនោះគឺខួបកំណើតវ័យ៤០ឆ្នាំក្នុងឆ្នាំនេះ នាងហាក់បីដូចជាស្រងូតស្រងាត់ខុសប្លែកពីធម្មតា សូម្បីតែនៅថ្ងៃកំណើតរបស់ ពេជ្រ សោភា កាលពីប៉ុន្មានថ្ងៃមុន នាងក៏បានចេញនូវបទចម្រៀងសេដ និងស្រក់ទឹកភ្នែក ត្អូញត្អែរពីស្នេហាបែកបាក់ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងបានបែកផ្លូវគ្នាជាមួយគូស្នេហ៍លោក ឆឹម សក្កដា ហើយ ។
នេះមិនមែនជាលើកទី១នោះទេដែល ពេជ្រ សោភា តែងតែបង្ហាញនូវអារម្មណ៍ខូចចិត្តរៀងរាល់ខួបកំណើតរបស់ខ្លួនម្តងៗ ទាំងចេញបទចម្រៀងខូចចិត្ត ទាំង ស្រក់ទឹកភ្នែក និង បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ។ តែទោះជាយ៉ាងណា ពេជ្រ សោភា តែងតែប្រាប់ខ្លួនឯងថា ត្រូវតែរឹងមាំគ្រប់ពេល ។
គួររំលឹកផងដែរថា កាលពីពេលកន្លងមកនេះ ពេជ្រ សោភា ក៏ធ្លាប់ត្អូញត្អែរចង់បានកូន តែមិនចង់រៀបការ បន្ទាប់ពីឃើញមិត្តសិល្បការិនីខ្លះយកកូនដោយមិនមានស្វាមី មើលទៅនាងហាក់បីដូចជាខ្លាចរអាក់ក្នុងការរៀបចំមានជីវិតគូ បន្ទាប់ពីខូចចិត្តរឿងស្នេហាមិនសមបំណងជាច្រើនលើកនាពេលកន្លងមក ៕



