ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

យោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្ងៃទី១៣ ខែវិច្ឆិកា បានចុះផ្សាយថា នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកកាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបានក្លាយជាប្រទេសជាប់ពន្ធគយខ្ពស់ជាងគេលំដាប់ទី២ ក្នុងអត្រាដល់ទៅ ៤៩%។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា ដែលនាំចេញភាគច្រើនដូចជាសម្លៀកបំពាក់ ស្រោមជើង និងគ្រឿងម៉ាស៊ីនអេឡិចត្រូនិក ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលរបស់ ត្រាំ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល។

នៅថ្ងៃទី២៦ ខែតុលា លោក ត្រាំ បានជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបញ្ចុះពន្ធគយបដិការលើកម្ពុជាមកនៅត្រឹម ១៩% ដែលជាការបញ្ចុះពន្ធគយច្រើនបំផុតបើធៀបទៅនឹងអត្រាពន្ធកាលពីខែមេសា។ ក្រោយមកទៀត នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការសម្រេចចិត្តលុបចោលបម្រាមលក់អាវុធទៅឱ្យកម្ពុជា ដោយសំអាងលើកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ ជាមួយការបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការឡើងវិញ រវាងប្រទេសទាំងពីរ លើវិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ 

សារព័ត៌មានជប៉ុន Nikkei Asia បានបន្តរំលេចថា សហរដ្ឋអាមេរិក និងកម្ពុជា ក៏បានយល់ព្រមបើកដំណើរការឡើងវិញផងដែរនូវការធ្វើសមយុទ្ធយោធារួមគ្នា មានឈ្មោះថា «ឆ្មាំអង្គរ» ក្រោយផ្អាកអស់ជាង៨ឆ្នាំ។ ការផ្លាស់ប្ដូររបស់អាមេរិកត្រូវបានក្រុមអ្នកវិភាគ មើលឃើញថា ជាលទ្ធផលមួយកើតចេញពីការវាយតម្លៃរបស់រដ្ឋបាលប្រធានាធិបតី ត្រាំ លើមេដឹកនាំថ្មីរបស់កម្ពុជា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិក West Point និងសាកលវិទ្យាល័យ New York។ 

នៅពេលសាកសួរ ពីការផ្លាស់ប្ដូរគោលជំហររបស់សហរដ្ឋអាមេរិក, អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិកប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា «សហរដ្ឋអាមេរិកកំពុងសម្លឹងឃើញការធ្វើការជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់លោកដើម្បីជំរុញចក្ខុវិស័យរួមរបស់យើងលើសេរីភាព វិបុលភាព សុវត្ថិភាព និងឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយភាពធន់»។

លោក Paul Chambers ជាអ្នកវិភាគម្នាក់ខាងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ការចូលរួមជាវិជ្ជមានរបស់រដ្ឋបាលលោក ត្រាំ ជាមួយកម្ពុជា បានចាប់ផ្ដើមតាំងតែពីដើមខែកុម្ភៈ ឆ្នាំ២០២៥។ លោកបន្ថែមថា សហរដ្ឋអាមេរិកមានបំណងទប់ទល់ការកើនឡើងឥទ្ធិពលចិននៅកម្ពុជា ហើយមិនតែប៉ុណ្ណោះ លោក ត្រាំ មានបំណងចង់បានឧត្តមភាពលើសចិននៅកម្ពុជាតែម្ដង៕