នាយករដ្ឋមន្ត្រីសិង្ហបុរី អរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ទូរស័ព្ទអបអរសាទរលទ្ធផលនៃការបោះឆ្នោត

នាយករដ្ឋមន្ត្រីសិង្ហបុរីដែលទើបឈ្នះការបោះឆ្នោតថ្មី លោក ឡររែន វ៉ូង (Lawrence Wong) បានបង្ហាញការសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំងក្នុងនាមជាប្រទេសក្នុងប្លុកតែមួយ ដោយបានទទួលទូរស័ព្ទពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ីញជីញ (Pham Minh Chinh) ចូលរួមអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេកបុកផ្លូវការណ៍របស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ។ 

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡររែន វ៉ូង បានអរគុណនាយករដ្ឋមន្ត្រីទាំងអស់ចំពោះពាក្យអបអរសាទរដ៏កក់ក្តៅចំពោះលទ្ធផលនៃការបោះឆ្នោត។

ទន្ទឹមគ្នានេះ លោកក៏បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងនៅអាស៊ាន។ លោកបន្ថែមថា រង់ចាំជួបពួកគេនៅចុងខែនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងពាក់ព័ន្ធលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ៕

ដោយ៖ ចិន្តា ទីទិ