របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាស បានសម្លាប់កុមារសិស្សសាលា ១៧ នាក់ និង ២០នាក់ផ្សេងទៀតរងរបួស

របបយោធាដែលកំពុងកាន់អំណាចបានវាយប្រហារតាមផ្លូវអាកាស ដោយបានសម្លាប់សិស្សានុសិស្សយ៉ាងហោចណាស់ ១៧នាក់ និង ២០នាក់ផ្សេងទៀតរងរបួសនៅឯសាលារៀនមួយកន្លែងក្នុងតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងកាលពីថ្ងៃចន្ទ បើទោះបីជាបទឈប់បាញ់ត្រូវបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។ នេះបើយោងតាមរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះ។ 

សាលាដែលដំណើរការដោយរដ្ឋាភិបាលរួបរួមជាតិស្រមោល ស្ថិតនៅក្នុងទីក្រុង Depayin ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ក្នុងតំបន់ Sagaing ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mandalay និងមិនឆ្ងាយពីចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។

អ្នកនាំពាក្យ NUG លោក នេយ ហ្វូនលេត (Nay Phone Latt) បានឱ្យដឹងថា «តាមព័ត៌មានដែលមានរហូតមកដល់ពេលនេះ សិស្ស ១៧ នាក់បានស្លាប់ និង ២០ នាក់ទៀតរងរបួស»។ លោកបន្ថែមថា មនុស្សមួយចំនួនប្រហែលជាបានបាត់ខ្លួនដោយសារការបំផ្ទុះគ្រាប់បែក ដូច្នេះចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ។

មីយ៉ាន់ម៉ាត្រូវបានជាប់គាំងដោយជម្លោះចាប់តាំងពីយោធាបានប្រើកម្លាំងដ៏សាហាវដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងការវិលចូលកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១។ យោធាបាននិងកំពុងតស៊ូក្នុងការគ្រប់គ្រង និងបានបាត់បង់ដីនៅក្នុងសមរភូមិរបស់ខ្លួនដើម្បីទប់ស្កាត់ការបះបោរដោយកងទ័ពជនជាតិភាគតិច និងចលនាតស៊ូដែលមានទំនាក់ទំនងជាមួយ NUG ។

គូសបញ្ជាក់ដែរថា ការវាយប្រហារតាមអាកាសរបស់យោធា និងការវាយប្រហារដោយកាំភ្លើងធំបានបន្តនៅក្នុងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ៕

ដោយ៖ ចិន្តា ទីទិ