ប៉ូលិសតួកគី បានឃុំខ្លួននិស្សិតចំនួន ៩៧ នាក់នៅក្នុងសាកលវិទ្យាល័យ Bogazici នៃទីក្រុងអ៊ីស្តង់ប៊ុល ជុំវិញការតវ៉ាប្រឆាំងនឹងសន្និសីទគ្រូអធិប្បាយអ៊ិស្លាមនៅក្នុងបរិវេណសាលា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៤ ខែឧសភានេះ។

សិស្សទាំងនោះបានតវ៉ាប្រឆាំងនឹងសន្និសីទមួយរបស់លោក នូរែនដីន យីលឌីស (Nureddin Yildiz) ដែលជាគ្រូអធិប្បាយសាសនាឥស្លាមដែលត្រូវបានគេស្គាល់សម្រាប់ទស្សនៈដ៏ចម្រូងចម្រាសរបស់លោកអំពីការរៀបការដំបូង។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្លឹបនិស្សិតនៃសាកលវិទ្យាល័យ។
យោងតាមអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក ដាវុធ ហ្គូល (Davut Gul) បានឱ្យដឹងថា សិស្សសរុបចំនួន ៩៧ នាក់ត្រូវបានឃុំខ្លួន នៅពេលពួកគេព្យាយាមបំបែករបាំងប៉ូលីសនៅក្នុងបរិវេណសាលា។ ដោយបន្ថែមថា មន្ត្រីប៉ូលីសចំនួន ១៣ នាក់បានរងរបួសនៅពេលដែលពួកគេបានធ្លាក់ចូលទៅក្នុងរណ្តៅសំណង់កម្ពស់ ៥ ម៉ែត្រ អំឡុងពេលមានការប៉ះទង្គិចគ្នា។
ក្នុងព្រឹត្តិការណ៍ និស្សិតសាកលវិទ្យាល័យបានឈានមុខគេក្នុងការតវ៉ានៅក្នុងប្រទេសទួរគីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជុំវិញការឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក អេកគ្រីម អែមម៉ាមូហ្លូ (Ekrem Imamoglu) ដែលជាគូប្រជែងនយោបាយសំខាន់របស់ប្រធានាធិបតី ថាយវីភ អ៊ីដូហ្គាន (Tayyip Erdogan) ។
ជម្រាបដែរថា សិស្ស និងគ្រូបង្រៀននៅសាកលវិទ្យាល័យ Bogazici បានតវ៉ាជាទៀងទាត់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រឆាំងនឹងអ្វីដែលពួកគេលើកឡើងថាជាការជ្រៀតជ្រែករបស់រដ្ឋាភិបាលនៅក្នុងវិស័យសិក្សា៕
ដោយ៖ ចិន្តា ទីទិ
