ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក ខារីម ខាន់ (Karim Khan) បានលាឈប់ពីតំណែងជាបណ្ដោះអាសន្ន ខណៈដែលអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្លូវភេទ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៧ ខែឧសភានេះ។

ការលាលែងពីតំណែងនេះមិនមាននីតិវិធីច្បាស់លាស់សម្រាប់ការជំនួសលោក ខាន់ នោះទេ។ ស្ថានភាពនេះបង្កើតភាពមិនច្បាស់លាស់បន្ថែមទៀតសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងប្រឈមមុខនឹងវិបត្តិអត្ថិភាពរួចហើយ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ។
យ៉ាងណាម៉ិញ មេធាវីរបស់លោក ខាន់ បានច្រានចោលរាល់ការចោទប្រកាន់ពីបទប្រព្រឹត្តខុស ដោយលើកឡើងថាលោកបានឈប់សម្រាកដោយសារតែការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះប៉ះពាល់ដល់សមត្ថភាពរបស់លោកក្នុងការផ្តោតលើការងារប៉ុន្តែមិនមានបំណងលាលែងទេ។
យ៉ាងណាម៉ិញ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមកម្រិតខ្ពស់កំពុងដំណើរការទៅក្នុងជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស និងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
តាមសំណើរបស់លោក ខាន់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) ពីបទសង្ស័យនិរទេសកុមារចេញពីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា។ ប្រទេសទាំងពីរមិនមែនជាសមាជិកនៃតុលាការនោះទេ ហើយទាំងពីរបដិសេធការចោទប្រកាន់ និងបដិសេធយុត្តាធិការរបស់តុលាការ ។
គូសបញ្ជាក់ដែរថា ការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើការប្រព្រឹត្តរបស់អ៊ីស្រាអែលបាននាំឱ្យរដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើលោក ខាន់ ដែលប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយនិយាយថាបានធ្វើឱ្យតុលាការខ្លួនឯងប្រឈមនឹងហានិភ័យ៕
ដោយ៖ ចិន្តា ទីទិ


