អ៊ីស្រាអែលបានអនុញ្ញាតឱ្យរថយន្តជំនួយចំនួន ១០០ គ្រឿងដឹកម្សៅ អាហារទារក និងឧបករណ៍វេជ្ជសាស្ត្រ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ខណៈដែលមន្ត្រីអង្គការសហប្រជាជាតិបានរាយការណ៍ថា បញ្ហាចែកចាយរហូតមកដល់ពេលនេះគ្មានជំនួយណាមួយទៅដល់មនុស្សដែលត្រូវការជំនួយនោះទេ។

នាយករដ្ឋមន្ត្រី បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាអ៊ីស្រាអែលនឹងបើកចំហចំពោះបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអាចឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំង។ ប៉ុន្តែបើមិនដូច្នេះទេ លោកនឹងបន្តយុទ្ធនាការយោធា ដើម្បីទទួលបានការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា។
បន្ទាប់ពីការបិទផ្លូវរយៈពេល ១១ សប្តាហ៍លើការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្គាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាក់ថា រថយន្តជំនួយសរុបចំនួន ៩៨ គ្រឿងបានចូលកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ប៉ុន្តែសូម្បីតែការផ្គត់ផ្គង់តិចតួចបំផុតទាំងនោះ មិនទាន់បានទៅដល់ផ្ទះបាយស៊ុប ហាងនំប៉័ង ទីផ្សារ និងមន្ទីរពេទ្យនៅហ្គាហ្សានោះទេ នេះបើយោងតាមមន្ត្រីជំនួយ និងហាងដុតនំក្នុងស្រុកដែលឈរក្បែរដើម្បីទទួលការផ្គត់ផ្គង់ម្សៅ។
បន្ថែមពីនោះលោក អាន់តូនី រែណាត (Antoine Renard) នាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកបានឱ្យដឹងដែរថា «គ្មានជំនួយនេះទេ ដែលជាចំនួនមានកំណត់នៃឡានដឹកទំនិញបានទៅដល់ប្រជាជនហ្គាហ្សា»។
យ៉ាងណាក៏ដោយ ការបិទផ្លូវនេះបានធ្វើឱ្យប្រជាជននៅតំបន់ហ្គាហ្សា មានការតស៊ូអស់សង្ឃឹមកាន់តែខ្លាំងឡើងសម្រាប់ការរស់រានមានជីវិត ទោះបីជាមានការកើនឡើងសម្ពាធអន្តរជាតិ និងក្នុងស្រុកលើរដ្ឋាភិបាលរបស់អ៊ីស្រាអែល៕
ដោយ៖ ចិន្តា ទីទិ


