មេដឹកនាំអាស៊ានស្វែងរកវឌ្ឍនភាពសន្តិភាពមីយ៉ាន់ម៉ា និងយុទ្ធសាស្ត្រពាណិជ្ជកម្ម

មេដឹកនាំអាស៊ីអាគ្នេយ៍នឹងព្យាយាមម្តងទៀតនៅថ្ងៃចន្ទនេះ ដើម្បីនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមកពិភាក្សាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ ហើយនឹងស្វែងរកមធ្យោបាយដើម្បីទូទាត់ភាពមិនប្រាកដប្រជាពាណិជ្ជកម្មសកលពីការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។

បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ មេដឹកនាំរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងបន្តពិភាក្សាអំពីសំណើស្តីពីប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារនៅទីក្រុងគូឡាឡាំពួ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធារបស់ខ្លួនបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អង់សាន សូជី (Aung San Suu Kyi) ដែលទទួលបានពានរង្វាន់ណូបែលនៅឆ្នាំ២០២១ ដោយបានបង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលប្រែក្លាយទៅជាការបះបោរទូទាំងប្រទេស។

ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ នឹងបន្តនិយាយដាច់ដោយឡែកទៅកាន់របបយោធា និងក្រុមប្រឆាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីព្យាយាមជំរុញការចរចាដោយផ្ទាល់រវាងភាគីជម្លោះ។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មហាមាដ ហាសហ្សាន (Mohamad Hasan) បានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំពីរស្តីពីជម្លោះមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ថា «ការចរចាទាំងនេះត្រូវធ្វើជាច្រើនដង ដើម្បីឱ្យមានការយល់ដឹងរវាងភាគីនីមួយៗ»។

លោកបន្ថែមថា រដ្ឋមន្ត្រីការបរទេសដែលមានសមាជិកទាំង ១០ បានយល់ព្រមពិភាក្សាលើសំណើសម្រាប់បេសកជនអចិន្ត្រៃយ៍អាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា។ 

យ៉ាងណាម៉ិញ របបយោធាកំពុងជំរុញឱ្យរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ ដែលអ្នករិះគន់បានចំអកយ៉ាងទូលំទូលាយថាជាការបោកប្រាស់ដើម្បីរក្សាយោធាឱ្យកាន់អំណាចតាមរយៈអ្នកតំណាង។

រហូតមកដល់ពេលនេះ អាស៊ានបានតស៊ូក្នុងការអនុវត្តផែនការសន្តិភាពប្រាំចំណុច ដែលបានបង្ហាញជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារ ហើយខ្លួនមិនទាន់បានពិភាក្សាអំពីគោលជំហររួមលើផែនការបោះឆ្នោតរបស់របបយោធានៅឡើយ៕

ដោយ៖ ចិន្តា ទីទិ