កូរ៉េខាងត្បូងដាក់បម្រាមអតីតនាយករដ្ឋមន្ត្រី Han និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Choi មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស

ប៉ូលិសកូរ៉េខាងត្បូងបានហាមឃាត់លោកអតីតនាយករដ្ឋមន្ត្រី ហាន ឌុកស៊ូ (Han Duck-soo) និងលោកអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឈូយ សាំងម៉ុក (Choi Sang-mok) មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការបះបោរដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹករបស់អតីតមេដឹកនាំ លោក យ៉ុន សុកយ៉ូល (Yoon Suk Yeol) នេះបើតាមមន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភានេះ។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ការហាមឃាត់ការធ្វើដំណើរត្រូវបានដាក់នៅពាក់កណ្តាលខែឧសភា។ លោក ហាន់ និងលោក ឈូយ ត្រូវបានសាកសួរកាលពីថ្ងៃចន្ទដោយអង្គភាពប៉ូលីសពិសេសមួយដែលកំពុងស៊ើបអង្កេតអតីតមន្ត្រីរដ្ឋាភិបាលកំពូលជុំវិញការចោទប្រកាន់ពីបទបះបោរ។

សេចក្តីប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី ៣ ខែធ្នូ ដែលត្រូវបានលុបចោលប៉ុន្មានម៉ោងក្រោយមកដោយសភា បានរុញច្រានកូរ៉េខាងត្បូងឱ្យធ្លាក់ក្នុងវិបត្តិរដ្ឋធម្មនុញ្ញដែលមិនធ្លាប់មានពីមុនមក ដែលពាក់ព័ន្ធទាំងលោក ហាន់ និងលោក ឈូយ ដែលកាន់តំណែងជាប្រធានាធិបតីស្តីទី។

គូសបញ្ជាក់ដែរថា​ ប្រជាជន​កូរ៉េខាងត្បូង​នឹងបោះឆ្នោត​នៅ​ថ្ងៃទី​៣ ខែមិថុនា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី៕

ដោយ៖ ចិន្តា ទីទិ