ហ្វីលីពីន និង EU នឹងចុះកិច្ចព្រមពៀងសន្តិសុខ និងការពារជាតិ

ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសន្តិសុខ និងការពារជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមាន ដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកពីបរទេស។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានបញ្ជាក់នៅថ្ងៃចន្ទ ទី២ ខែមិថុនានេះ។

ការប្រកាសនេះបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក កាចា កាឡាស (Kaja Kallas) សម្រាប់កិច្ចប្រជុំជាមួយលោក មាណាលូ (Manalo) ក៏ដូចជាការជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក ហ្វរឌីណាន់ ម៉ាក្រូសជេរ (Ferdinand Marcos Jr.)

លោក មាណាលូ សង្ឃឹមថា តាមរយៈកិច្ចសន្ទនាផ្នែកសន្តិសុខ និងការពារជាតិ នឹងនៅតែសកម្ម និងរួបរួមក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើតមានដែលហួសព្រំដែន ការវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកពីបរទេស និងការរៀបចំព័ត៌មាន។

កិច្ចសន្ទនានេះនឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន និងសហភាពអឺរ៉ុប ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ និងចូលជាធរមាននៅក្នុងឆ្នាំ ២០១៨ ។
បន្ថែមពីនោះ លោក កាឡាស ថា EU នៅតែប្តេជ្ញាចិត្តក្នុងការរក្សាសណ្តាប់ធ្នាប់ដែលមានមូលដ្ឋានលើច្បាប់ លើកកម្ពស់សន្តិភាព និងដោះស្រាយកង្វល់រួមនៅក្នុងសមុទ្រចិនខាងត្បូង និងសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕
ដោយ៖​ ចិន្តា​ ទីទិ