នាយករដ្ឋមន្រ្តីស្រីវ័យក្មេងរបស់ថៃ ផែថងថាន ប្រកាសមិនចុះចេញពីតំណែងនាយករដ្ឋមន្រ្តីឡើយ បើទោះបីមានបាតុកម្មតវ៉ារង្គើក្រុងបាងកក។

សារព័ត៌មានក្នុងស្រុកថៃបានចេញផ្សាយដកស្រង់សម្តីបើលោក Prommin Lertsuridej អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៤ខែសីហាម្សិលមិញ បានឲ្យដឹងថា បើទោះជាមានបាតុកម្មរង្គើទីក្រុងបាងកកក៏ដោយ ក៏នាយករដ្ឋមន្ត្រីព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់ដែលតុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ប៉ុន្មានថ្ងៃមកនេះ ទីក្រុងបាងកកបានស្វាគមន៍ក្រុមបាតុកររាប់ពាន់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មឲ្យលោកស្រី អ៊ុងអ៊ីង ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីតុលា ការ ធម្មនុញ្ញថៃ បដិសេធ សំណើ របស់ លោកស្រី ផែថងថាន ដែល សុំពន្យារពេល ១៥ថ្ងៃទៀត ដើម្បី ដាក់ ការ ឆ្លើយ បំភ្លឺ ជុំវិញការ បែកសារនិយាយ ទូរស័ព្ទ ជាសម្ងាត់ ជាមួយ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។
កាលពីថ្ងៃទី៤ ខែសីហា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានដាក់ឯកសារការពារខ្លួនជាលាយលក្ខណ៍អក្សរ ទៅកាន់តុលាការធម្មនុញ្ញថៃ ទាក់ទងនឹងខ្សែអាត់សំឡេងនៃកិច្ចសន្ទនារបស់លោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន។
ឯកសារការពារខ្លួននេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងអស់ ជាពិសេសការចោទប្រកាន់ផ្នែកក្រមសីលធម៌។ ឯកសារទាំងនេះ ធ្វើឡើងតាមមាត្រាច្បាប់ពាក់ព័ន្ធ និងអង្គហេតុ។ នេះបើតាមលោក Prommin បានអះអាងថា កិច្ចសន្ទនានាពេលនោះ មានគោលបំណង ដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធ ហើយកន្លងមកនាយករដ្ឋមន្ត្រីថៃក៏បានពិគ្រោះយោបល់ជាមួយទីភ្នាក់ងារសន្តិសុខមយោធា និងក្រុមប្រឹក្សាសន្តិសុខជាតិដែរ។ លោកបន្តថា លោកស្រី ផែថងថាន ក៏បានទាក់ទងតាមរយៈបណ្តាញមិនផ្លូវការ ដើម្បីព្យាយាមទប់ស្កាត់អំពើហិង្សានានា។
លោក Prommin លើកឡើងថា បណ្តឹងផ្លូវច្បាប់នឹងបន្តដំណើរការតាមនីតិវិធី។ តុលាការធម្មនុញ្ញថៃមិនទាន់បានបញ្ជាក់ទេ ថា នឹងកោះហៅនាយករដ្ឋមន្ត្រីឱ្យចូលផ្តល់សក្ខីកម្ម ឬអត់នោះ៕
