មនុស្សម្នានាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក និងខេត្តមួយចំនួន ក្រោយរងចំហាយគ្រោះរញ្ជួយដី ៥,៤វ៉ិចទ័រ ពីប្រទេសមីយ៉ាន់ម៉ា

ទីក្រុងបាងកក និងខេត្តក្បែរនោះរបស់ប្រទេសថៃ បានទទួលរងចំហាយគ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្តាឲ្យមនុស្សម្នាប្រញាប់ប្រញាល់នាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក យ៉ាងភ័យស្លន់ស្លោរ។

អង្គភាពសង្កេតរញ្ជួយដីក្រសួងឧតុនិយមរបស់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែ២១ សីហានេះ បាននិយាយថា គ្រោះរញ្ជួយដីនោះបានកើតឡើងនៅម៉ោងក្នុងស្រុក ៩:៥៨នាទីព្រឹក ក្នុងជម្រៅ ១០គីឡូម៉ែត្រ ចម្ងាយប្រហែល ២១១គីឡូម៉ែត្រភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak របស់ខ្លួន។ 

យ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬការស្លាប់នៅក្នុងប្រទេសថៃទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានរាយការណ៍ថា អ្នកស្រុកនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងបាងកក បាននិយាយថា ពួកគេមានអារម្មណ៍ថា អគារបានរង្គើញ័រខ្លាំង ដោយបុគ្គលិកការិយាល័យមួយចំនួន រត់ជម្លៀសខ្លួនយ៉ាងវឹកវរចេញពីអគារខ្ពស់ៗ។

ក្រុមអ្នកជំនាញរញ្ជួយដីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់សម្រាប់ការរញ្ជួយដីដែលអាចកើតមាន ហើយអាជ្ញាធរបានណែនាំអ្នកស្រុកឱ្យប្រុងប្រយ័ត្ន៕