តុលាការព្រហ្មទណ្ឌថៃ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានសម្រេចថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ មិនមានទោសនោះទេ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ នៅក្នុងកិច្ចសម្ភាសមួយកាលឆ្នាំ២០១៥។

តាមកាសែត Khaosoth English បានចុះផ្សាយថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រ នោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ។
គួររម្លឹកថា នៅឆ្នាំ២០១៥ លោក ថាក់ស៊ីន បានចេញពីសេចក្តីថ្លែងការណ៍មួយដោយផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ពាក់ព័ន្ធរដ្ឋប្រហារយោធាលើលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាប្អូនស្រីនៅក្នុងឆ្នាំ២០១៤។ ការថ្លែងការណ៍នាពេលនោះត្រូវបានតុលាការថៃ ចោទប្រកាន់ថា បានចេស្តាប្រមាថព្រះមហាក្សត្រថៃ។
សូមជម្រាបថា លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ដែលត្រូវជាកូនស្រីរបស់លោក កាលពីថ្ងៃទី២១ ខែសីហាបានបង្ហាញខ្លួននៅក្នុងតុលាការ ហើយកំពុងរង់ចាំសាលក្រមសម្រេចនៅថ្ងៃទី២៩ ខែសីហា ថា តើលោកស្រីនាយករដ្ឋមន្រ្តីព្យួរតំណែង នឹងអាចរក្សាឬក៏ត្រូវរបូតចេញពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ជុំវិញសំណុំរឿងបទចោទប្រកាន់ដែលប្ដឹងដោយក្រុមសមាជិកព្រឹទ្ធសភា ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទបំពេញការងារដោយគ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ ក្នុងបញ្ហាជម្លោះព្រំដែន៕




