ម៉ាឡេស៊ី ណែនាំពលរដ្ឋរបស់ខ្លួនពន្យាពេលធ្វើដំណើរទៅប្រទេសថៃ

ប្រទេសម៉ាឡេស៊ី សេចក្ដីណែនាពលរដ្ឋរបស់ខ្លួនឲ្យពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើចាំបាច់។ ការប្រកាសអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅស្រុក Tak Bai ខេត្ត Narathiwat កាលពីថ្ងៃទី២១ ខែសីហា ដែលបណ្តាលឲ្យមន្រ្តី ៤នាក់រងរបួស។

លោក Datuk Kamaruddin Md Nor ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ បានលើកឡើងថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង។ លោកថា ឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅក្នុងប្រទេសថៃ មិនមែនជារឿងថ្មីទេ។ ដូច្នេះស្ថានភាពនៅតែប្រែប្រួល សម្រាប់ពលរដ្ឋម៉ាឡេស៊ីស្ថិតក្នុងការពន្យារពេលផែនការធ្វើដំណើរទៅទីនោះ។

សារព័ត៌មានក្នុងស្រុកថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្រុមបះបោរទាមទារផ្តាច់ខ្លួន បានបើកការវាយប្រហារអត្តឃាតដោយរថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃពុធ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមន្ត្រីយ៉ាងហោច​ណាស់ ៤នាក់រងរបួស។

អាជ្ញាធរតំបន់របស់ថៃបានបញ្ជាក់ថា ក្រុមជនសង្ស័យបានរត់គេចខ្លួន ខណៈកងកម្លាំងបានបាញ់តបតវិញ។ ក្រោយមានផ្ទុះករណីក្រុមបះបោរ មេបញ្ជាការយោធភូមិភាគទី៤របស់ថៃ លោក Paisal Nusang បានបញ្ជាឱ្យរឹតបន្តឹងសន្តិសុខទូទាំងតំបន់ និងបិទច្រករត់គេចខ្លួន ជាពិសេសនៅតាមព្រំដែនថៃ-ម៉ាឡេស៊ី។ លោកក៏បានណែនាំឱ្យមន្ត្រីបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត៕