វៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះអាសន្ននៅថ្ងៃចន្ទ ខែសីហានេះ ដោយចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Kajiki។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ដំណឹងពីទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល។ អាជ្ញាធរបានព្យាករថា ព្យុះទីហ្វុង Kajiki នឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។
ករណីព្យុះទីហ្វុង Kajiki នេះ រដ្ឋាភិបាលវៀតណាមបានព្រមានពីហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ ព្រមទាំងរអិលបាក់ដីផងដែរ។
បើតាមរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Kajiki ត្រូវបានរំពឹងថានឹងក្លាយជាព្យុះដ៏កំណាចបំផុតមួយដូចជាព្យុះទីហ្វុង Yagi ដែលបានវាយប្រហារលើប្រទេសមួយនេះ កាលពីឆ្នាំ២០២៤ ដោយសម្លាប់មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល ៣.៣ពាន់លានដុល្លារ៕
