ចិនប្រឆាំងនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ

ចិនប្រកាសទទួលយកមិនបានឡើយនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ។

នៅចំពោះមុខសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Ishaq Dar ក្នុងជំនួបមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដែលមានការពិភាក្សាអំពីស្ថានការណ៍វិវឌ្ឍន៍ដ៏ឆាប់រហ័សនៅប្រទេសវ៉េណេស៊ុយអេឡា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា «យើងមិនជឿទេថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសពិភពលោកបាននោះ ហើយយើងក៏មិនអាចទទួលយកបានដែរចំពោះប្រជាជាតិណាមួយ ដែលអះអាងថា ជាចៅក្រមរបស់ពិភពលោក»។

កាលពីព្រឹកថ្ងៃសៅរ៍ យោធាអាមេរិកបានបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រឹម ៣ម៉ោង ដោយប្រើយន្តហោះ ១៥០គ្រឿង វាយប្រហារតាមផ្លូវអាកាស ហើយចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយារបស់លោកនៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីការ៉ាកាស។ ភ្លាមៗ លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបាននាំខ្លួនមកប្រឈមមុខផ្លូវច្បាប់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕