ឥណ្ឌូណេស៊ី ប្រកាសនឹងបញ្ជូនកងទ័ព ២០,០០០នាក់ ចេញទៅបេសកកម្មរក្សាសន្តិភាពនៅតំបន់ហ្កាហ្សា

ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងពីគំនិតក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងតិច ២០,០០០នាក់ សម្រាប់ការរក្សាសន្តិភាពទៅកាន់តំបន់ហ្កាហ្សា ដើម្បីការពារកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។ នេះបើយោងតាមការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា។

សារព័ត៌មាន The Star បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតក្នុងពិភពលោក ចង់បានសន្តិភាពមួយ ដែលបង្ហាញថា ខ្លាំងមិនអាចសុទ្ធតែត្រូវ។

ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានថ្លែងបន្តថា យើងជឿលើអង្គការសហប្រជាជាតិ។ យើងនឹងបំពេញកាតព្វកិច្ច នៅកន្លែង ដែលត្រូវការអ្នកការពារសន្តិភាព មិនមែនត្រឹមតែពាក្យសម្ដីទេ ប៉ុន្តែជាការដាក់កងកម្លាំងចុះប្រតិបត្តិការដោយផ្ទាល់នៅទីនោះ។ លោកបន្តថា ប្រសិនបើនិងនៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមហាសន្និបាតដ៏អស្ចារ្យនេះ សម្រេចចិត្ត នោះឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនកូនចៅប្រុសស្រីរបស់យើង ២ម៉ឺននាក់ ឬច្រើនជាងនេះ ដើម្បីជួយធានាសន្តិភាពនៅក្នុងតំបន់ហ្កាហ្សា។ 

លោកថ្លែងបន្ថែមថា ប្រទេសឥណ្ឌូនេស៊ីក៏មានឆន្ទៈក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅកាន់កន្លែងផ្សេងទៀត រួមទាំងនៅអ៊ុយក្រែន ស៊ូដង់ ឬលីប៊ី ផងដែរ៕