មេដឹកនាំអ៊ុយក្រែន ទៅជួបលោក ត្រាំ ជជែកពង្រឹងប្រព័ន្ធការពារដែនអាកាស

នៅថ្ងៃចន្ទ ទី១៣ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាស។ 

ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ លោក ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំជាមួយអ្នកនយោបាយអាមេរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ហើយសង្ឃឹមថានឹងអាចជួបលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ 

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមេដឹកនាំអ៊ុយក្រែន លោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ថា មេដឹកនាំអ៊ុយក្រែននឹងធ្វើទស្សនកិច្ចទៅកាន់សេតវិមាន ដែលជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក ហ្សេលេនស្គី ចាប់តាំងពីខែមករាមក។ 

គួរឲ្យដឹងថា លោក ហ្សេលេនស្គី និងលោក ត្រាំ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទចំនួន ២លើក កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្នុងកិច្ចសន្ទនានោះមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីបញ្ហាដែលអ៊ុយក្រែនកំពុងប្រឈម ខណៈរុស្ស៉ីកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រួមទាំងស្ថានការណ៍នៅសមរភូមិមុខ៕