ទប់ទល់ការគំរាមពីចិន មេដឹកនាំតៃវ៉ាន់ស្នើបន្ថែមកញ្ចប់ថវិកា $៤០ពាន់លានដុល្លារពង្រឹងវិស័យយោធា

ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់នឹងស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន $៤០ ពាន់លានដុល្លារ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួននៅពេលប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីប្រទេសចិន។ 

កោះតៃវ៉ាន់បាន និងកំពុងបង្កើនការចំណាយលើវិស័យយោធា នៅចំពោះមុខការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាអំណាចចិនដែលកាន់តែបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញដែនកោះតៃវ៉ាន់។

គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានស្នើថវិការួចហើយចំនួន $៣០ ពាន់លានដុល្លារ ឬស្មើនឹង ៣.៣២% នៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់ការចំណាយក្នុងវិស័យយោធានៅឆ្នាំក្រោយ។

នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា លោក Lai Ching-te បានកត់សម្គាល់ថា «ការចំណាយបន្ថែមនឹងត្រូវផ្តោតលើការទិញសព្វាវុធថ្មីៗពីសហរដ្ឋអាមេរិក ប៉ុន្តែមួយផ្នែកធំក៏ត្រូវចំណាយលើការពង្រឹង សមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ផងដែរ»។ 

លោកបន្ថែមថា តៃវ៉ាន់មានបំណងជំរុញសមត្ថភាពកំញើញតាមរយៈបង្កការខាតបង់ធ្ងន់ធ្ងរ និងភាពមិនច្បាស់លាស់ទៅលើការសម្រេចចិត្តរបស់ចិន ទាក់ទិននឹងការប្រើកម្លាំងយោធា៕