ស្ថិតក្នុងដំណាក់កាលដ៏លំបាកពេលនេះ យើងគ្រប់គ្នាសូមឈរលើមូលដ្ឋានស្នេហាជាតិដោយបញ្ញា បេះដូង និងមនសិការ នោះទើបជាតិយើងនឹងកាន់រឹងមាំ ខ្លាំងក្លា គ្មានខ្មាំងណាអាចបំបាក់បាន។ បច្ចុប្បន្នគេបានខិតខំវាយប្រហារយើង ប្រើគ្រប់ល្បិចកល “បទពិសោធន៍ប្រាក់ឌួង” ដើម្បីឱ្យយើងឈ្លោះគ្នា ឈប់សាមគ្គីគ្នា កងកម្លាំងមិនគោរពបទបញ្ជា កងកម្លាំង និងមហាជនទន់ខ្សោយលែងផ្តល់ការគាំទ្រ និងជឿជាក់។
មួយវិញទៀត យើងក៏មានសត្រូវដ៏ឈឺចាប់បំផុតមួយទៀត ដែលមានឈាមជាខ្មែរ តែបម្រើបរទេសខិតខំគ្រប់បែបយ៉ាងវាយប្រហារជាតិខ្លួនឯង ទើសគ្រប់រឿង ផ្សាយបន្តពីឧបាយកលដែលសត្រូវរៀបចំ ញ៉ុះញ៉ង់យើងឱ្យមានការសង្ស័យ ហើយបង្កើតភាពស្រពេចស្រពិល និងបង្អាក់ឆន្ទៈដ៏មុតស្រួចរបស់យើង។
សត្រូវ ដ៏ធំពិតរបស់យើង មិនត្រឹមតែជាសត្រូវឈ្លានពានទឹកដីនោះទេ គឺសត្រូវផ្ទៃក្នុង សត្រូវមនសិកា សត្រូវពីឈាមខ្មែរមួយក្រុមតូចចូលដៃជាមួយបរទេស ហើយបម្រើមហិច្ចតាដណ្តើមអំណាច ឬចងគំនុំនឹងកម្ពុជាតជំនាន់។ មួយវិញទៀត សូមបងប្អូនមេត្តាយកបញ្ញា និងចំណេះដឹង ទៅសិក្សាមើលព័ត៌មានផ្លូវការ អានឱ្យបានចប់ និងតាមដានឱ្យជាប់ ជៀសវាងអានតែចំណងជើង ឬស្តាប់ពាក្យចចាមអារាម ហើយលែងជឿព័ត៌មានផ្លូវការដែលជាអ្នកកំពុងនៅជួរមុខ ការពារ និងលះបង់គ្រប់កាលៈទេសៈដើម្បីការពារទឹកដី និងបូរណភាពយ៉ាងពិតប្រាកដទោះក្នុងតម្លៃណាក៏ដោយ។
អ្វីៗពិតជាត្រូវការពេលវេលា អត់ធ្មត់ និងឆ្លងកាត់ជាច្រើនដំណាក់កាល និងតស៊ូបំផុត ដើម្បីយើងអាចនឹងធានាបាននូវអធិបតេយ្យភាព បូរណភាពទឹកដីជាក់លាក់ និងសន្តិភាពយូរអង្វែងសម្រាប់យើងពេលនេះ និងកូនចៅជំនាន់ក្រោយ ហើយនឹងក្លាយជាគ្រឹះយ៉ាងសំខាន់កាន់តែចាក់ជ្រៅ រឹងមាំសម្រាប់កម្ពុជារាប់រយពាន់ឆ្នាំក្រោយទៀត។ យើងឆ្លងកាត់មេរៀនប្រវត្តិសាស្ត្រជូរចត់ច្រើនរាប់រយលានដង ពិសេសសង្គ្រាមនៃការបែកបាក់ផ្ទៃក្នុង ហែកហួរជាច្រើនរយពាន់ឆ្នាំ និងពិសេសជាង៥០០ឆ្នាំចុងក្រោយ ទើបយើងទទួលបានសន្តិភាពពេញលេញ។ សន្តិភាពខាងក្នុងពិតជាសំខាន់ ហើយសន្តិភាពជាមួយនឹងប្រទេសជាប់របងគ្នាក៏រិតតែសំខាន់ ដែលតម្រូវឱ្យយើងដោះស្រាយយ៉ាងច្បាស់លាស់ ហ្មត់ចត់ និងប្រយ័ត្នប្រយែងបំផុត។
រាជរដ្ឋាភិបាលយើង ថ្នាក់ដឹកនាំយើង កងកម្លាំងគ្រប់ប្រភេទយើង វីរកងទ័ពយើង និងយើងខ្លួនឯង គឺឈរលើជោគវាសនារួមតែមួយក្រោមម្លប់ទង់ជាតិខ្មែរ ដែលមានរូបប្រាសាទអង្គរវត្តជាអត្តសញ្ញាណជាតិដ៏ស្រស់ស្អាត រឹងមាំដែលបន្សល់ពីមរតកដូនតាខ្មែរយ៉ាងរុងរឿង និងអស្ចារ្យបំផុតនៃជាតិសាសន៍មានប្រវត្តិដ៏យូរលង់ណាស់មកហើយ សូម្បីតែជាតិសាសន៍មិនទាន់ចាប់កំណើតផង៕
ដោយ៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥