កម្ពុជាគួរយល់ដឹង…
1.ដោយហេតុតែវាកើតឡើងឥតល្ហែតាំងពីឆ្នាំ១៩៥៣មក, ជម្លោះព្រំដែនជាមួយប្រទេសខាងលិចយើង, ជាបញ្ហាមួយរុំារ៉ៃ ។ ម្ល៉ោះហើយ, រាល់ដំណោះស្រាយ (នៅឆ្នាំ១៩៦២, នៅឆ្នាំ២០១៣, ឬក៏នៅឆ្នាំ២០២៥នេះ បើសិនជាសម្រេចបាន) គ្រាន់តែជាការត្រូវរ៉ូវគ្នាមួយដែលមានលក្ខណៈបណ្តោះអាសន្ន សម្រាប់រយៈកាលខ្លីឬរយៈកាលមធ្យមតែប៉ុណ្ណោះ ។ កុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ ។
2.ហេតុអ្វី? ពីព្រោះម្យ៉ាង អ្នកជិតខាងមួយនេះ បង្រៀនប្រជាជនគេ ជាច្រើនជំនាន់កន្លងមកហើយ ឱ្យស្រណោះសោកស្តាយសម័យកាល មុនអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងគេ និងបារាំងដែលកាលណោះជាអាណាព្យានៃកម្ពុជាយើង ។ ពីព្រោះម្យ៉ាងទៀត អស្ថិរភាពនយោបាយសឹងថាជាអចិន្ត្រៃយ៍នៃអ្នកជិតខាងមួយនេះ ពិសេសតាំងពីឆ្នាំ២០០១មក ជម្រុញថ្នាក់ដឹកនាំឱកាសនិយមមួយចំនួនរបស់គេ ទាំងសុីវិល និងទាំងយោធា ឱ្យផ្ទេររឿងរ៉ាវផ្ទៃក្នុង មកជាបញ្ហាព្រំដែន ។ គោលដៅ គឺសាកល្បងនាំមកវិញនូវស្ថិរភាពជាតិនិងពង្រឹងឯកភាពជាតិរបស់គេឡើងវិញ តាមរយៈការបង្វែរកំហឹងប្រជាជនគេមកលើយើង ដោយចង្អុលមុខយើងនិងចោទយើងផ្តេសផ្តាសថា «បាននិងកំពុងបន្តឈ្លានពានទឹកដីគេ» ។ អុីចឹងហើយបានជា ពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត គេទទួលស្គាល់រួចហើយកិកកុកមិនព្រមទទួលស្គាល់វិញ សន្ធិសញ្ញា, សេចក្តីសម្រេចចិត្តរបស់តុលាការអន្តរជាតិ, ផែនទីផ្លូវការ, និងកិច្ចព្រមព្រៀងផ្សេងៗ…
3.នៅចំពោះមុខបញ្ហាតជំនាន់នេះ, កម្ពុជាយើង និងខ្មែរយើង ត្រូវមានជំហរច្បាស់ និងត្រូវចេះប្តេជ្ញាចិត្តច្បាស់ ។ ជំហរច្បាស់ គឺយល់ដឹងថា ៖
a.ពលិកម្ម ក្តីក្លាហាននិងភាពធន់របស់កងទ័ពយើងនៅខាងមុខ ត្រូវតែជម្រុញជនរួមជាតិយើងនៅខាងក្រោយឱ្យចេះនិងចង់ពង្រឹងឯកភាពជាតិឱ្យរឹងរឹតតែមាំនិងខ្លាំង ។
b.សន្តិសុខនៃកងទ័ពនៅខាងមុខ ជាសន្តិសុខរបស់ប្រជាជាតិយើងទាំងមូល ។ លាក់ការណ៍ឬមិនត្រូវផ្សព្វផ្សាយព័ត៌មានសម្ងាត់ ដើម្បីរក្សាការពារប្រយោជន៍ជាតិទាំងមូល ជាការចាំបាច់ ។
c.ចាញ់-ឈ្នះ មិនមែនជាដំណោះស្រាយ ហើយ ឈ្នះ-ឈ្នះ (ដោយឱ្យតម្លៃដល់កិច្ចចរចានិងចៀសវាងសង្គ្រាម) មិនមែនជាយុទ្ធសាស្ត្រកំសាក តែចាស់ទុំនិងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ។
ទាំងនេះជាជំហរច្បាស់ដែលយើងត្រូវប្រកាន់។ រីឯការប្តេជ្ញាចិត្តច្បាស់ គឺយល់ដឹងថា ៖
a.បណ្តុះបណ្តាល និងអភិវឌ្ឍស្មារតីស្នេហាជាតិ ហើយទន្ទឹមនេះច្រានចោលជាតិនិយមជ្រុលដែលជាមនោគមន៍វិជ្ជាប្រកបដោយគ្រោះថ្នាក់ ជាការចាំបាច់បំផុត ពីអំណើះតទៅ ។
b.ទាំងថ្នាក់ដឹកនាំ ទាំងពលរដ្ឋ(ពិសេសយុវជននិងយុវនារី) ត្រូវបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន(ពិសេសពេលសុខសាន្តត្រាន) និងអភិវឌ្ឍកម្ពុជា ឱ្យក្លាយជាប្រទេសនិងប្រជាជនខ្លាំងពូកែ ដើម្បីទប់ទល់ នឹងការប្រមាថ ការជាន់ឈ្លី និងការឈ្លានពាន ដែលនឹងនៅតែបន្តកើតឡើង មិនយូរមិនឆាប់ ក្នុងអនាគតកាលជិតឬឆ្ងាយ ៕
ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



