តុលាការកំពូល កំពុងពិនិត្យពិចារណាលើការដកសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន

តុលាការកំពូល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានទទួលញត្តិរួមមួយរបស់តំណាង អង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនរាប់ពាន់នាក់ ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាព ស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្តីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត។

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា បានឲ្យដឹងថា ញត្តិនេះបានបញ្ជាក់អំពី មូលហេតុនៃការស្នើសុំដែលមានខ្លឹមសារថា បន្ទាប់ពីលោក រ៉ុង ឈុន ធ្វើការញុះញង់ពាក់ព័ន្ធនឹងករណី ព្រំដែន សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកដោយដកសិទ្ធិនយោបាយ ប៉ុន្តែរហូត ដល់បច្ចុប្បន្នលោក រ៉ុង ឈុន មិនត្រឹមតែមិនព្រមអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយ ជាបន្តបន្ទាប់ មិនរាងចាលដោយមិនគោរពសេចក្ដីសម្រេចរបស់តុលាការឡើយ។ ទង្វើដែលមើលស្រាល ច្បាប់បែបនេះ យើងខ្ញុំមានការព្រួយបារម្ភពីសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រជាជនកម្ពុជា កំពុងមាននាពេលបច្ចុប្បន្នដែលបានមកដោយលំបាកបំផុត ប៉ុន្តែបែរជាត្រូវបាន និងកំពុងបន្តគំរាម កំហែងដោយក្រុមនយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី ។ ទោះបីជាក្រុមនេះមានទីតាំងនៅក ប្រទេសក៏ដោយ ប៉ុន្តែក្រុមនេះបន្តសាបព្រោះមនោគមវិជ្ជាមកលើប្រជាពលរដ្ឋខ្មែរ តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយសង្គម ជាពិសេសក្រុមមនុស្សរបស់ខ្លួនដែលកំពុងធ្វើនយោបាយក្នុងប្រទេសកម្ពុជា ពិតជា បង្កគ្រោះថ្នាក់បំផុតចំពោះសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។ គណបក្សកម្លាំងជាតិដែល បង្កើតឡើងដោយលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ដោយមានលោក រ៉ុង ឈុន និងលោក ជា មុនី ជាមនុស្សសំខាន់បំផុតដែលបានចូលរួមជួយលោក សម រង្ស៊ី តែងតែធ្វើឱ្យមានចលាចលក្នុង រឿងគណបក្សនយោបាយដោយដឹកនាំកម្មករ គ្រូបង្រៀន ឱ្យចូលរួមបាតុកម្មគាំទ្រនយោបាយលោក សម រង្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៨ មក។ លោក រ៉ុង ឈុន និងលោក ជា មុនី បានបោកបញ្ឆោតកម្មករ គ្រូបង្រៀន ឱ្យចូលរួមបាតុកម្មដោយឃោសនាថាបាតុកម្មដើម្បីដំឡើងប្រាក់ខែ។ ទោះបីជាកម្ពុជាបានទទួលសន្តិភាព ដោយបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាង ៤០ ឆ្នាំក៏ដោយ ប៉ុន្តែតាមរយៈក្រុមនយោបាយ លោក សម រង្ស៊ី នេះបានបន្តរំខានដល់ស្ថិរភាពនយោបាយជាបន្តបន្ទាប់។ នៅពេលធ្វើបាតុកម្មម្តងៗបាន ធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភ និងមិនហ៊ានមកវិនិយោគ នេះមិនទាន់និយាយអំពីការធ្វើបាតុកម្មដើម្បី ប្រឆាំងផលប្រយោជន៍ជាតិ ឬការទាមទារឱ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជាផង។ ម្យ៉ាងវិញទៀត អំពើរបស់បុគ្គលជ្រុលនិយមទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មានការព្រួយបារម្ភយ៉ាង ខ្លាំងថា អាចធ្វើឱ្យកម្ពុជាឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មីទៀត ដូចកាលឆ្នាំ២០១៣-២០១៤។ ហេតុនេះដើម្បីចៀសវាងបញ្ហាទាំងនេះកើតឡើងទៀតនៅកម្ពុជា យើងត្រូវតែទប់ស្កាត់ក្រុមជ្រុលនិយម ទាំងនេះឱ្យបាន។ ឥឡូវនេះលោក រ៉ុង ឈុន និងលោក ជា មុនី បានដឹកនាំគណបក្សកម្លាំងជាតិរបស់ លោក សម រង្ស៊ី ប្រសិនបើគ្មានវិធានការចំពោះបុគ្គលដែលមានចរិតនយោបាយជ្រុលនិយមដូចលោក សម រង្ស៊ី នោះទេ ពួកគេនឹងប្រើល្បិចកលនយោបាយបន្តិចម្តងៗដែលយកនយោបាយចាស់មកអនុវត្ត គឺការញុះញង់ឱ្យមានបាតុកម្ម ដើម្បីទាញយកផលប្រយោជន៍នយោបាយ ដោយមិនគិតគូរពីស្ថិរភាព នយោបាយ ការវិនិយោគ សេដ្ឋកិច្ច និងសន្តិភាពនោះឡើយ។ មូលហេតុចម្បងមួយទៀតដែលត្រូវបិទ នយោបាយលោក រ៉ុង ឈុន នោះគឺការប្រព្រឹត្តបទល្មើស និងការបំពានច្បាប់ម្តងហើយម្តងទៀតដែលនាំ ឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទាំងមូល។

តុលាការកំពូល បានពិនិត្យឃើញថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេច ផ្តន្ទាទោសមួយករណីថ្មីទៀត តាមសាលក្រមព្រហ្មទណ្ឌលេខ ១៥៤៥ ។” ចុះថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ដោយដាក់ពន្ធនាគារកំណត់ ៤ (បួន) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤.០០០.០០០ (បួនលាន) រៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ តាមមាត្រា៨៨ មាត្រា៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងប្រកាសទោសបន្ថែមលើលោក រ៉ុង ឈុន ដោយដកសិទ្ធិពលរដ្ឋជា ស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត តាមបញ្ញត្តិមាត្រា៥៥ និងមាត្រា៤៩៨ នៃ ក្រមព្រហ្មទណ្ឌ។ សាលក្រមនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឧទ្ធរណ៍ តាមបណ្តឹងលេខ៧០១ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

ដោយហេតុថាសំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំក្នុងញត្តិស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដូច្នេះតុលាការកំពូលនឹងបញ្ចូនញត្តិ នេះទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ ពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមាន។ តុលាការកំពូល នឹងតាមពិនិត្យមើលការដោះស្រាយសំណូមពរនៃញត្តិនេះនៅសាលាឧទ្ធរណ៍ភ្នំពេញ៕