រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងស្ថានទូតបរទេស អញ្ជើញគោរពវិញ្ញា​ណក្ខន្ធអ្នកកាសែតចំនួន៣៧​នាក់​ដែលបានស្លាប់ និងបាត់ខ្លួន​ក្នុងសម័យសង្គ្រាម​នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងឱកាសនៃខួបលើកទី៣២ ទិវាសេរីភាពសារព័ត៌មានពិភពលោក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ថ្ងៃនេះជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ហើយការមកជួបជុំគ្នានេះ ដើម្បីប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធ ដល់អ្នកកាសែតជាតិនិងអន្តរជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលចុះបំពេញការងារយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាពេលកំពុងឆាបឆេះដោយភ្នក់ភ្លើងសង្គ្រាម ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។

ឯកឧត្តម នេត្រ ភត្ត្រា បានបន្តថា៖ «យើងមកជួបជុំគ្នានៅថ្ងៃនេះ មិនមែនគ្រាន់ តែដើម្បីចងចាំនិងរំឭកវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានដែលបានស្លាប់នោះទេ ប៉ុន្តែដើម្បីគោរពពីវីរភាពរបស់បងប្អូនអ្នកសារព័ត៌​មានទាំ​ងអស់នេះទាំងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានបរទេសដែលបានលះបង់សព្វបែបយ៉ាងរួមនឹងអាយុជីវិតរបស់ពួកគេដើម្បីចុះយក ព័ត៌មាន ផលិត និងផ្សាយព័ត៌មានអំពីសង្គ្រាម និងសោ​ក​នាដកម្មរបស់កម្ពុជាក្នុងសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៧០។ ពួកគេបានជួយប្រទេសកម្ពុជាយ៉ាងច្រើន »។

ទន្ទឹមគ្នានេះ ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏គូសបញ្ជាក់ដែរថា ប្រទេសបា​រាំង​បានផ្តួចផ្តើមរៀបចំសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការការពារ អ្នក​សារព័ត៌មាននៅក្នុងជម្លោះប្រដាប់អាវុធ។ យើងត្រូវរួបរួមគ្នាដើម្បីឱ្យសារព័ត៌មាននៅទូទាំងពិភពលោកចៀសផុតពីសម្ពាធនយោបាយ និងសេដ្ឋកិច្ច ខណៈស្ថានភាពសារព័ត៌មាន នៅក្នុងពិភពលោកមានការថយចុះ ដូច្នេះត្រូវធ្វើយ៉ាងដើម្បីឲ្យសារព័ត៌មាន អាចផ្តល់ព័ត៌មានដល់ដោយឯករាជ្យ និងទុកចិត្តបាន បង្កើតពិភពលោកមួយកាន់តែល្អប្រសើរ។

សូមជម្រាបជូនថា ដោយ​មិនគិតពីចំនួន​ដ៏ច្រើន​ក្នុងសម័យ​ខ្មែរក្រហម អ្នក​កាសែត​ជាតិ និងអន្តរជាតិ​ចំនួន​៣៧នាក់ បាន​បាត់ខ្លួន ឬត្រូវបាន​សម្លាប់នៅ​កម្ពុជា ចន្លោះពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥ ពោលគឺក្នុង​សម័យលន់ នល់ ក្នុងនោះមានអ្នកកាសែតកម្ពុជា (៥នាក់), ជប៉ុន (១០នាក់), បារាំង (៧នាក់), អាម៉េរិក (៧នាក់), អូស្ត្រាលី (១នាក់), អាល្លឺម៉ង់ (១នាក់), ស្វីស (២នាក់), អូទ្រីស (១នាក់), ហូឡង់ (១នាក់), ឡាវ (១នាក់) និង​ឥណ្ឌា (១នាក់)៕

អត្ថបទ៖ ពុទ្ធិកា