សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ចាត់ទុកឯកឧត្តម មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក គឺជាមិត្តចាស់ ហើយសម្ដេច បានគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ដោយសម្ដេចបានលើកឡើងថា ទំនាក់ទំនងទាំងសងខាង មិនត្រឹមតែជាទំនាក់ទំនងផ្លូវការទេ តែអ្នកជំនាន់ក្រោយ អាចបន្តបាន ដោយអនុវត្តនូវទំនាក់ទំនងតាមអ្នកជំនាន់មុន ដែលមានទំនាក់ទំនងលើសពីផ្លូវការ ។ មានន័យថា ទំនាក់ទំនងលក្ខណៈឯកជនបន្ថែមទៀត ក្នុងគោលដៅដើម្បីឲ្យចំណងមិត្តភាពរវាងប្រទេស រួមនឹងប្រជាជន កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា ។
ក្នុងជំនួបនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាមេដ យូសុសកាឡា ឯកភាពគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ដែលការជួបគ្នានេះ មិនត្រឹមតែជាជំនួបផ្លូវការនោះទេ ប៉ុន្តែជំនួបខាងក្រៅ នឹងបង្កើនមិត្តភាពឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយជំនួបបែបនេះ អ្នកជំនាន់ក្រោយ ត្រូវតែបន្ត ដើម្បីបន្ថែមទៀតសម្រាប់បង្កើនចំណងមិត្តភាព ។

សម្ដេចតេជោ បានចែករំលែកជាមួយនឹងឯកឧត្តម មហាមេដ ពីស្ថានការណ៍ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងបរិបទនៃពាណិជ្ជកម្ម ដែលសម្ដេចតេជោ បានរំលេចថា បច្ចុប្បន្ន កម្ពុជា និងឥណ្ឌូនេស៊ី មានពាណិជ្ជកម្មត្រឹមតែ ១ពាន់លានដុល្លារ ដូច្នេះសម្ដេចចង់ឃើញប្រទេសទាំងពីរ មានកំណើនពាណិជ្ជកម្មជាមួយគ្នា កើនឡើងបន្ថែមទៀត ហើយកាន់តែពិសេសនោះ គឺក្នុងអំឡុងពេល នៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលភ្ជាប់ជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម រួមទាំងកិច្ចសហការគ្នានៅក្នុងតំបន់អាស៊ានផងដែរ ។
ត្រង់ចំណុចនេះ ឯកឧត្តម មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឯកឧត្តម បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ជាពិសេស គឺពាណិជ្ជកម្ម ក្នុងនោះ ឯកឧត្តម បានលើកឡើងដោយចង់ឃើញនូវការជួបគ្នាជាញឹកញាប់ រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្ដូរ និងជជែកគ្នា និងបង្កើនបរិយាកាស នៃការធ្វើវិនិយោគទៅវិញទៅមក រួមទាំងការជជែកគ្នា ដើម្បីស្វែងរកនូវការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានចែករំលែកពីដំណោះស្រាយមួយចំនួន នៅក្នុងបរិបទ នៃសង្គ្រាមពាណិជ្ជកម្មជាមួយនឹងឯកឧត្តម មហាមេដ ដោយតម្រូវឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន ទាំងមូល មិនមែនតែកម្ពុជា និងឥណ្ឌូនេស៊ីនោះទេ គឺត្រូវធ្វើការរួមគ្នា ក្នុងការពង្រីកទីផ្សារក្នុងតំបន់នេះ ឲ្យកាន់តែធំឡើង ជាងការសម្លឹងមើលនៅទីផ្សារដែលឆ្ងាយពេក ប៉ុន្តែទីផ្សារនៅជិតខាងនេះ គឺមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណា ថែរក្សាបាននូវពាណិជ្ជកម្ម ឬក៏សេដ្ឋកិច្ចល្អរបស់អាស៊ានបន្តទៅមុខទៀត៕
