សម្តេចតេជោ ហ៊ុន សែន បង្ហាញផ្លូវដល់ក្រុមហ៊ុននានារបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្នុងឱកាសចូលជួប និងសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់លោកសាស្ត្រាចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះ កម្ពុជា ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្រ របស់ខ្លួន ដែលនៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រានៃភាពក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និងប្រែក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឆ្លើយតបទាក់ទងទៅនឹងការវិនិយោគ ដោយបានបង្ហាញប្រាប់ទៅលោកសាស្ត្រាចារ្យបណ្ឌិត ថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការវិនិយោគទៅលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បានរំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ ។ សម្ដេចតេជោ បន្តថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។

ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្ដែងការពេញចិត្ត ចំពោះការបង្ហាញផ្លូវ របស់សម្ដេចតេជោ ដែលលោកបានចាប់អារម្មណ៍ទៅលើការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ហើយលោកក៏បានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ។ លោកបានជម្រាបសម្ដេចតេជោទៀតថា សម្រាប់លោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគឥណ្ឌូនេស៊ី មានការទុកចិត្តទៅលើស្ថានភាព ក៏ដូចជាការវិវត្តនៃសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីសម្ដេចនៅជាអតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្ដេចធិបតី ដោយលោកសាស្ត្រាចារ្យ បានតាមដានជានិច្ច អំពីស្ថានការណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកសាស្ត្រាចារ្យបណ្ឌិត បានកោតសរសើរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីអតីតជានាយករដ្ឋមន្ត្រី បានរក្សានូវកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៧% ជាង ២ទសវត្សរ៍ ដែលជាកំណើនមួយមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេសកម្ពុជា និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរំពឹងថា លោកសាស្ត្រាចារ្យបណ្ឌិត នឹងអញ្ជើញទៅទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លី ហើយនិងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការរួមចំណែកមួយ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងការបង្កើតការងារដល់ប្រជាជនកម្ពុជាបន្ថែមទៀត៕