ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។

ក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់នេះ ឯកឧត្តម ហួត ហាក់បានទទួលស្វាគមន៍ពី ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ ។
តំបន់ទេសចរណ៍នេះ នឹងជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង។
សូមជម្រាបថា ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរផងដែរ៕



