ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី ២១ ដំបូងបង្អស់នៅកម្ពុជា។

ឯកឧត្តមហង់ជួន ណារ៉ុនបានរៀបរាប់ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រមូលផ្តុំឯកសារស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំងពី មុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី។
អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានរចនាឡើង ដោយឈរលើទស្សនទានចំនួន ៣រួមគ្នា គឺអប់រំ វប្បធម៌ និងសាសនា។ អគារនេះ មានទម្រង់ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមាន ដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាង ឱ្យព្រះពុទ្ធសាសនា។
បណ្ណាល័យនេះមានបំពាក់សៀវភៅពាក់ព័ន្ធ នឹងការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យ សិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូ សម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដីជាដើម។
លើសពីនេះ ក្រសួងអប់រំ ក៏បានរៀបចំប្រមូល និក្ខេបបបទថ្នាក់បណ្ឌិត ដោយរៀបចំជា បណ្ណាសារមួយសម្រាប់តម្កល់និក្ខេបបទបណ្ឌិត សម្រាប់អ្នកស្រាវជ្រាវអាចចូលមើលទាំងឯកសាររឹង និងឯកសារទន់នៅបណ្ណាល័យសម្តេចព្រះសង្ឃរាជ្យ ជួន ណាតនេះផងដែរ។
គួរបញ្ជាក់ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានផ្ទៃក្រឡា សំណង់ចំនួន ២៧,២៩៨.០៨ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ សាងសង់ក្រោមហិរញ្ញប្បទានកម្ចីធនាគារអភិវឌ្ឍអាស៊ី។
សូមជម្រាបថា បណ្ណាល័យនេះមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ដែលងាុយស្រួលសម្រាប់គរុនិស្សិត សិក្សាស្រាវជ្រាវ៕
ដោយ៖ ផុន លីហ្សា



