អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Suchinda Krapayoon ដែលជាមេធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ ឆាទិឆៃ ឈុនហាវ៉ាន់ នៅឆ្នាំ ១៩៩១ នោះ បានទទួលមរណភាពដោយជរាភាពនៅក្នុងទីក្រុងបាងកក ក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ នេះ។
ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានឱ្យដឹងថា «លោកល្បីឈ្មោះនៅពេលដែលលោកអោយបាញ់ប្រហារសម្លាប់និស្សិតថៃជាច្រើនដែលធ្វើបាតុកម្មទាមទារប្រជាធិបតេយ្យ ហើយបានរត់គេចខ្លួនបាត់ ។ តាមពិតលោកទៅរស់នៅជាសម្ងាត់ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន»។
ឯកឧត្តមបានបន្តថា៖ «ពេលគាត់សម្ងំលាក់ខ្លួននោះ សម្តេចហ៊ុនសែន ពេលនៅជានាយករដ្ឋមន្ត្រីរដ្ឋកម្ពុជាបានទៅជួបជាសម្ងាត់ដើម្បីអោយលោកជួយទប់ទាហានថៃឈប់ជួយខ្មែរក្រហម ។ ខ្ញុំបានអមដំណើរលោកទៅក្នុងពេលនោះ ។ ទាហានថៃទោះមានរឿងធំយ៉ាងណា គេចខ្លួនមួយសន្ទុះអាចចូលស្រុកបាន មិនដូចអ្នកនយោបាយសុីវិលបែបគ្រួសារសុីណាវ៉ាត្រាដែលគេតាមរករឿងរហូតទេ ។ នេះបង្ហាញពីអំណាចក្រុមយោធាថៃ !»។
សូមបញ្ជាក់ថា លោក Suchinda បានចែកឋាននៅមន្ទីរពេទ្យ Phramongkutklao ក្នុងទីក្រុងបាងកក នាវេលាម៉ោង១:៥៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥ ដោយរោគាពាធ។លោក Suchinda កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៣៣ ជាមន្ត្រីយោធាជាន់ខ្ពស់ និងជានាយករដ្ឋមន្ត្រីទី១៩នៃប្រទេសថៃ។ លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធផងដែរ៕
