សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត។

ក្នុងឱកាសដ៏មានសិរីសួស្តីប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានប្រារព្ឋធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ គឺ ស្របនឹងថ្ងៃដ៏មានមហាសិរីមង្គល ឧត្តុងឧត្តមបំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និង លទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។
លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុមក្លាយជាធនធានដ៏ល្អ ជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណងបេសកកម្ម និងពាក្យស្លោករបស់សមាគម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា”។

លោកជំទាវមានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈលទ្ធផលការងារដែលសមាគមកាយឫទ្ធិនារីកម្ពុជាបានប្រឹងប្រែងកន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួលស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ពិតជាបានបំពេញតួនាទីប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬភេទនោះឡើយ ក្នុងន័យនេះ លោកជំទាវអគ្គស្នងការ ចង់សំដៅលើការលើកកម្ពស់ដល់ កុមារី យុវតី និងស្រី្ត ក្នុងការទទួលបានការអបរ់រំអោយបានកាន់តែខ្ពស់ កាន់តែប្រសើរ។
លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យថាគិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបប្រមាណជាង៨ពាន់នាក់នៅទាំងប្រទេស។

សូមរំលឹកថា កម្ពុជាបានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិនទាន់ចូលជាកាយឫទ្ធិពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមឆ្នាំ១៩៩៩ ទើបកម្ពុជាបានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មានការប្រជុំធំ រហូតតដល់ឆ្នាំ២០០៨ កម្ពុជាបានចូលរួមសកម្មភាព កាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតីឲ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយបានផ្តល់ឱកាស និងលទ្ធភាព ធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែលជាសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ៕