លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងជូនដំណើរពលករខ្មែរ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត។

គួរបញ្ជាក់ថា តាមរយៈសារសំលេងនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាប់ព្រំដែនថៃ ខេត្តទាំង៧ ជួយសម្របសម្រួលជូនពលករខ្មែរ ទាំងការសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងការថែទាំព្យាបាលសុខភាពបឋមនៅតំបន់ព្រំដែន ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពីព្រំដែន ត្រលប់ទៅស្រុកកំណើត ការជួយស្វែងរកការងារក្នុងប្រទេសជូនជាដើម។
សម្រាប់ពលករខ្មែរ ដែលមានបំណងត្រលប់មកកម្ពុជាវិញ ប៉ុន្តែខ្វះឯកសារនានា សម្តេច ក៏ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាប់ព្រំដែនថៃ ខេត្តទាំង៧ ត្រូវជួយសម្របសម្រួលផងដែរ៕




