សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍«លោកឪស៊ុច»​គ្រប់ពេល​វេលាបើនិមន្តមក​កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសស្វាគ​ម​ន៍​​ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។

តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការ​បញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕