រដ្ឋចាប់ផ្តើមធ្វើផ្លូវកៅ​ស៊ូ​ និងបេតុង តភ្ជាប់ទៅ​តំបន់ទឹកធ្លាក់ធ​ម្មជាតិ​ ៣ក​ន្លែ​ង នៅក្នុងខេត្តកំពង់ឆ្នាំង

ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ ផ្លូវទាំង៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ។

ពីធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣ខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ,ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ,អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមហាជន សរុបប្រមាណ ១ ០០០នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះកណ្តាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ផ្លូវទាំង៣ខ្សែ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងក៏ជាកាតាលីករជំរុញការទាក់ទាញភ្ញៀវទេ​សចរជាតិ និងអន្តរជាតិ ឱ្យកាន់តែច្រើន ផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំបន្តវេនដោយ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០” តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទពីផ្លូវក្រាលដីស និងផ្លូវល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងប្រកបដោយភាពធន់ ដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងសរុបជាង ៥ម៉ឺនគីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែងជាង៨៥០០ គីឡូម៉ែត្រ ស្មើប្រមាណ ជិត ២០%។

ជាក់ស្ដែងផ្លូវជនបទទាំង៣ខ្សែដែលបើកការដ្ឋានសាងសង់នេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ចំនួនជាង ៦៨០០ គ្រួសារ ស្មើនឹងជាង ២៨០០០នាក់ រស់នៅក្នុងភូមិចំនួន ១២ ឃុំចំនួន៤គឺ ឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាពិសេសជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង ៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទ៖ ពុទ្ធិកា