បណ្ឌិត យង់ ពៅ៖ ថៃកំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសថៃ កំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ជាង៨០០គ.ម.។

ការបង្កលេសក្នុងហេតុការណ៍ផ្សេងៗនេះ លើបណ្តាញសង្គមនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជា ត្រូវតែប្រុងជើងការគ្រប់ទីកន្លែង និងគ្រប់វិនាទី ដើម្បីធានាបានឯកភាពបញ្ជាការ និងគ្រប់គ្រងគ្រប់សមរភូមិសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត សង្គ្រាមព័ត៌មាន និងសង្គ្រាមឌីជីថលឱ្យខាងតែបាន។

កម្ពុជា ធ្លាប់បានខាតបង់ជាច្រើនរួចទៅហើយ រួមមានទឹកដី ភាសា ប្រាង្គប្រាសាទ វប្បធម៌ទំនៀមទម្លាប់ ប្រជាជន ដែលសៀមច្បាំងដណ្ដើមយក។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចខាតបង់បន្តទៀតទេ «កម្ពុជាត្រូវរួមគ្នាក្នុងស្មារតីជាតិជាធ្លុងមួយ» មិនអាចចាញ់កលល្បិច [ថៃ-សៀម] នោះទេ។ ប្រៀបឈ្នះរបស់កម្ពុជា ក្នុងសង្គ្រាមសាកល្បងរបស់ថៃនេះ គឺ៝ត្រូវឯកភាពបញ្ជាការគ្រប់សមរភូមិ។

គួរបញ្ជាក់ថា នាប៉ុន្មានថ្ងៃចុងក្រោយ ថៃ បានបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ក្នុងចេតនាបង្កភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ។ ជាក់ស្តែង កាលពីថ្ងៃទី១៣ កក្កដា កាលពីវេលាម៉ោងជាង៩ព្រឹក នៅប្រាសាទតាមាន់ធំនេះ មានអតីតទាហានឈុតខ្មៅថៃម្នាក់ ជាមួយនឹងបក្ខពួកម្នាក់ទៀត ក៏បានលបវ៉ៃមកលើកងទ័ពកម្ពុជា ទាំងមិនដឹងខ្លួន ហើយបានបង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ កំពុងដើរលេងកម្សាន្ត។

ដោយឡែក កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៥ កក្កដា ក៏មានក្រុមទាហានថៃ និងក្រុមទាហានកម្ពុជា ព្រមទាំងស្ត្រីជនជាតិខ្មែរម្នាក់ បានតឹងសសៃកដាក់គ្នា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ហើយបានព្យាយាមស្ទាក់ឃាត់មិនឲ្យទេស​ចរជាស្ត្រីជនជាតិខ្មែរមា្នក់ ឡើងទៅតំបន់ប្រាសាទតាមាន់ធំ ។

ទោះបីជាយ៉ាងក្នុងនាមជាប្រទេស ដែលស្រលាញ់សន្តិភាព ឈរលើគោលការណ៍ដោះសា្រយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តវិធី និងច្បាប់អន្តរជាតិ កម្ពុជា បន្តអត់ធ្មត់ខ្ពស់បំផុត ដើម្បីបញ្ចៀសការទង្គិចដោយកម្លាំងប្រដាប់អាវុធ៕

អត្ថបទ៖ ពុទ្ធិកា