មិនបង្អង់យូរ! កម្ពុជាស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ លើករណីឈ្លានពានរបស់កងទ័ពថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅកាន់ឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដានេះ  កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការឈ្លានពាន និងចាត់ទុកការវាយប្រហារដោយយោធានេះ បានបំពានយ៉ាងច្បាស់គោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលបានហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ,ក៏ដូចជាការមិនយកចិត្តទុកដាក់ទាំងស្រុង ចំពោះស្មារតីនៃភាពជាអ្នកជិតខាងដ៏ល្អដែលកម្ពុជាបានខិតខំយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់បច្ចុប្បន្ន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រឈមមុខនឹងការឈ្លានពាននេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបក្នុងការការ ពារខ្លួន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈ ប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើ ឲ្យស្ថានការណ៍កាន់តែតានតឹង៕