ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តឧត្តរមានជ័យជាង ៥ពាន់គ្រួសារ ជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។

បន្ទាប់ពីផ្គត់ផ្គង់គ្រាន់ទិសឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តបេសកកម្មទៅកាន់ខេត្តព្រះបវិហារដើម្បីពង្រីក ៣គោលដៅបន្ថែមទៀត ជិត ២ម៉ឺននាក់ក្នុងធានាផ្គត់ផ្គង់ម្ហូបអាហារទាំងស្រុងជូនប្រជាពលរដ្ឋភៀសសឹក ដែលចាកចេញតំបន់សមរភូមិក្តៅ ក្រោយទាហានថៃឈ្លានមកលើដែនអធិបតេយ្យជាតិកម្ពុជា។
បេសកកម្មរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិក្តៅ៕







