សម្តេចតេជោ ហ៊ុន សែន៖ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា

ប៉ុន្មានម៉ោងក្រោយទាហានថៃវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា លោក ថាក់ស៊ីន ស៊ីណាត្រា ឱពុកនាយករដ្ឋមន្រ្តីព្យួរតំណែងរបស់ថៃ បានចេញសារមានចរិតប្រើប្រាស់សង្គ្រាមដើម្បីវាយប្រហារសម្តេចតេជោ ហ៊ុន សែន ត្រូវបានសម្តេចទម្លាយថា លោក ថាក់ស៊ីន បង្ហាញច្បាស់ណាស់ការឈ្លានពានកម្ពុជាពីកងទ័ពថៃមកលើកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញកាលពីយប់ថ្ងៃទី២៤យ៉ាងដូច្នេះថា «មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា»។

សម្តេចតេជោបានសរសេរបន្តថា «ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ»។

ការផ្ទុះអាវុធកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ កើតឡើងបន្ទាប់ពីទាហានថៃបានបាញ់មកលើកងកម្លាំងរបស់កម្ពុជាមុន ទើបកម្ពុជាវាយបកតបវិញ ដោយប្រើប្រាស់សិទ្ធិការពារខ្លួន។ 

ការផ្ទុះអាវុធតាមព្រំដែនរវាងកម្ពុជា និងថៃនាពេលនេះ បានរីករាលដាល់ដល់៨ចំណុច ដែលផ្តើមចេញពីតំបន់ប្រាសាទតាមាន់ធំ។ 

គួរបញ្ជាក់ថា ចំណុចនៃការផ្ទុះអាវុធនេះ គឺដោយសារតែទាហានថៃបានបិទប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ បន្ថែមពីនេះ នៅពេលដែលកម្ពុជាចូលទៅរារាំងសកម្មភាពឈ្លានពាននេះ ថៃបានបាញ់មកលើកងកម្លាំងរបស់កម្ពុជាមុន ទើបកម្ពុជាវាយបកតបវិញ ដោយប្រើប្រាស់សិទ្ធិការពារខ្លួន៕