ក្នុងស្មារតីជាតិនិយម៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំបម្រើ ម្ហូបអាហារទាំងស្រុងរយៈពេល៣ខែជូនជនភៀសសឹក ៤ទីតាំងនៅខេត្តឧត្តរមានជ័យ

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងធ្វើដំណើរឆ្ពោះទៅទីតាំងជនភៀសសឹកនៅខេត្តឧត្តរមានជ័យ ចំនួន៤ទីតាំង ដើម្បីជួយរៀបចំបម្រើ ម្ហូបអាហារទាំងស្រុង រយៈពេល៣ខែ។ បើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកនារសៀលថ្ងៃសុក្រនេះ។

ការប្រកាសរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងស្មារតីខ្មែរជួយខ្មែរ ហើយក្នុងនាមទ័ពជួរក្រោយ ដើម្បីជួុយសម្រួលដល់ប្រជាពលរដ្ឋជនភៀសសឹក ក្រោយមានការឈ្លានពានទាហានថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។

ក្រោយកើតមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទាហានថៃផ្តើមមុនជិតពីខែមកនេះ ក្រុមការងារចល័តរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចូលរួមយ៉ាងសកម្មផ្ទាល់ចុះធ្វើម្ហូប និងគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើនជូនបងៗវីរៈកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជាយ៉ាងរឹងមាំជូនជាតិមាតុភូមិ។

សូមជម្រាបថា ការចុះជួយធ្វើម្ហូបដោយផ្ទាល់នាពេលនេះជូនដល់ប្រជាពលរដ្ឋជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ គឺដើម្បីបំផុសស្មារតីជាតិនិយមរបស់ប្រជាជនខ្មែរយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកទាំងទ្វេកំពុងដឹកនាំនាវាកម្ពុជាបន្តមានសាមគ្គីភាពជាធ្លុងមួយ ក្នុងឆន្ទៈតែមួយ និងស្មារតីតែមួយ៕