ឯកឧត្តម ស សុខា ផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ។

តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។

ឯកឧត្តមបញ្ជាក់ជូនថា ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសប្រឈមនឹងការដកសញ្ជាតិដោយគ្មានការលើកលែង។

«យើងខ្ញុំសូមសង្កត់ធ្ងន់ជូនបងប្អូនប្រជាពលរដ្ឋ! សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុតនូវទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពដែលកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន។

ជាប្រការគួរឱ្យសោកស្ដាយណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃ ឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង»។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស សុខា។

ក្រមព្រហ្មទណ្ឌ បានចែកច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍១.ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២.អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។ ៣.ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ និង៤.ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។

ឯកឧត្តមបានរំលឹកជាថ្មីទៀតថា ក្នុងករណីបងប្អូនត្រូវបានភាគីថៃអូសទាញឱ្យធ្វើជាជនបង្កប់ក្បត់ជាតិ សូមបងប្អូនមានស្មារតីភ្ញាក់ខ្លួនថា ឈាមខ្មែររាប់រយជំនាន់កំពុងរត់ពេញរាងកាយរបស់បងប្អូន! ភូមិស្រុកទឹកដីកំណើតយើងបានឆ្លងកាត់សង្គ្រាមសោកនាដកម្មរាប់រយឆ្នាំមកហើយ! មាតុប្រទេសដ៏កំសត់របស់យើង ធ្លាប់ក្លាយជាសមរភូមិប្រយុទ្ធរបស់សត្រូវឈ្លានពានជាច្រើនជំនាន់មកហើយ។

បើតាមឯកឧត្តម ស សុខា មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលនាំឱ្យជាតិយើងជួបស្ថានភាពដូចបានរៀបរាប់មកនេះ គឺក៏ព្រោះតែជនបង្កប់ក្បត់ជាតិនេះដែរ។ ទម្រាំយើងអាចការពារបានបូរណភាពទឹកដីអធិបតេយ្យភាពជាតិដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ជាតិ ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ បានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ឆ្អឹងគរស្ទើរក្លាយជាភ្នំ ទឹកភ្នែកក្រុមគ្រួសារសាច់ញាតិយំសោកសឹងក្លាយជាសាគរ។

ជាក់ស្ដែងណាស់ឥឡូវនេះ កងទ័ពយើងកំពុងតតាំងប្រយុទ្ធដ៏អង់អាចដើម្បីការពារទឹកដីដូនតាបានបន្សល់ទុក ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត ដៃលទង្វើក្បត់របស់បងប្អូនមួយចំនួនតូច បានបង្កឱ្យកងទ័ពយើងពលីក្នុងសមរភូមិសង្គ្រាម។

ដូច្នេះសូមបងប្អូនមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់! សូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះបងប្អូនជាជនក្បត់ជាតិ ក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានបាននិងកំពុងរួមប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សូមបងប្អូនចងចាំថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ឱ្យតែយើងមិនធ្វើអ្វីដែលនាំដល់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ទោះបីយើងជានរណា? មានតួនាទីអ្វី? និងនៅទីណាក៏ដោយ…!៕