ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា លើការអនុវត្តន៍បទឈប់បាញ់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាបានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់ថ្ងៃទី២៨ ខែកក្កដា រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ ។
ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបង្ហើបឲ្យដឹងដែរថា ឯកឧត្តម បានទំនាក់ទំនងតាមទូរសព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ដោយបានពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ ផងដែរ។
គួរបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន កិច្ចប្រជុំពិសេសដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់រវាងកម្ពុជានិងថៃ បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា។
បន្ទាប់ពីជួបប្រជុំចរចា កម្ពុជានិងថៃ បានឯកភាពលើ៣ ចំណុចសំខាន់ៗ ក្នុងនោះរួមមាន ទី១ បទឈប់បាញ់បន្ទាន់ ដោយគ្មានលក្ខខណ្ឌ ត្រូវចូលជាធរមាននៅវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ។ ទី២.កម្ពុជា-ថៃ បានឯកភាពឲ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគជួបពិភាក្សាគ្នា នៅព្រឹកថ្ងៃទី២៩ កក្កដា និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និងទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៤ខែសីហា ឆ្នាំ២០៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កម្ពុជា ក៏ជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគតផងដែរ៕