ឯកឧត្តម ហ៊ុន ម៉ានី៖ បំភ្លេចម្ដេចបាន! ទុក្ខសោកវេទនា និងវិនាសកម្មពីអតីតកាលបានក្លាយជាមេរៀនដែលធ្វើឱ្យប្រជាជនកម្ពុជាយល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣១ ខែកក្កដានេះថា៖ « ឆ្នាំនេះជាខួបលើកទី១៦ ដែលសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (៣១ កក្កដា ២០០៩ – ៣១ កក្កដា ២០២៥)»។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាតឹកតាងប្រវត្ដិសាស្រ្ដដ៏ជូរចត់របស់ប្រជាជនកម្ពុជា និងជាសក្ខីភាពសម្រាប់យុវជនជំនាន់ក្រោយសិក្សាស្វែងយល់នូវមេរៀនប្រវត្តិសាស្រ្ដដ៏ខ្មៅងងឹតនេះ ដើម្បីចៀសវាងជាយថាហេតុនូវវិនាសកម្មណាមួយ។

លើសពីនេះទៅទៀត ទុក្ខសោកវេទនានិងវិនាសកម្មដែលបានកើតឡើងក្នុងអតីតកាលបានក្លាយជាមេរៀនដែលធ្វើឱ្យប្រជាជនកម្ពុជាយល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព និងបេ្ដជ្ញាចិត្តរួមគ្នាការពារសុខសន្ដិភាព និងស្ថិរភាពដែលប្រជាជនកម្ពុជាកំពុងមានក្នុងបច្ចុប្បន្ន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ សារមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក៏ត្រូវបានចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជនមណ្ឌលផ្សះផ្សា និងសន្ដិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ៕

ដោយ៖ ផុន លីហ្សា