ប្រមុខការទូតកម្ពុជានិងចិន ជួបពិភាក្សាការងារជាមួយនៅខេត្តយូណាន ប្រទេសចិន

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសចិន, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង លើកទី១០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី១០ បណ្តារដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំ​ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាព និងការគាំទ្រ ទៅវិញទៅមករវាងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ក្រៅពីទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី អំឡុងពេលនៅប្រទេសចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងទទួលជួបរដ្ឋមន្ត្រីការបរទេសផ្សេងៗទៀត ដើម្បីធ្វើឲ្យកាន់តែ ស៊ីជម្រៅនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕