ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ សីហា ដោយមានសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួររម្លឹកថា អ្នកជំនួញឡេដ៏ល្បីដែលមហាជនភាគច្រើនស្គាល់ថា Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា” ឧកញ៉ា” កាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤។

សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីស្នើព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា របស់ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ក្រោយពីសមត្ថកិច្ចចុះឃាត់ខ្លួនដល់គេហដ្ឋាន ដែលស្ថិតក្នុងបុរីមួយកន្លែង ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មូលហេតុ ដែលសមាគមឧកញ៉ា ស្នើឲ្យបញ្ចប់គោរមងារនេះ ដោយសារសមាគម បានពិនិត្យឃើញថា បុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សីលធម៌ សុជីវធម៌ សេចក្ដីថ្លៃថ្នូរ ឧត្តមភាព និងគុណតម្លៃរបស់គោរមវន្ត ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកចិត្តវីរៈកងទ័ពកំពុងទប់ទល់យ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ដែលនាំឱ្យមានការបែកបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ និងការលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងទ័ពយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេល្បីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ស្ថិតនៅភូមិគ្រឹះក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីអនុវត្តនិតិវិធីច្បាប់។
នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន ហៅ «Love Riya» ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕
អត្ថបទ៖ ពុទ្ធិកា
