ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំបន្តថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
សូមជម្រាបផងដែរថា ដោយសារបញ្ហាព្រំដែន សម្រាប់បេក្ខជនមកពីខេត្តឧត្ដរមានជ័យ ត្រូវបានរៀបចំការប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដែលមានចំនួន៣មណ្ឌល សរុប៧២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ១៣បន្ទប់ វិទ្យាសាស្ត្រសង្គមចំនួន៥៩បន្ទប់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។
ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕








