នគរបាល​ឃាត់ខ្លួនបុរសម្នាក់ ដែលបានសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកកាលពីឆ្នាំ២០២៣

ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  បានឲ្យដឹងថា ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។

ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕