សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១ កញ្ញា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។
បើតាមសំណេរនៅបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។
ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមអោយដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕
អត្ថបទ៖ ពុទ្ធិកា