ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។
បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី គម្រោងសាងសង់អគារសិក្សាបណ្តោះអាសន្នដែលរងការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ (១) សូមក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់រហ័សតាមការគ្រោងទុក, (២) សូមត្រៀមឱ្យរួចជាស្រេច នូវប្លង់អគារសិក្សាស្តង់ដាក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល, (៣) រៀបចំការស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល (៤) ស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និងការបោសសំអាតមីននៅតាមសាលារៀនដែលរងប៉ះពាល់ (៥) ក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទូលសុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន,(៦) សូមរៀបចំរបាយការណ៍ស្តីពី ស្ថានភាពសាលារៀនដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន (៧) សូមរៀបចំផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តីណែនាំសម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។
ជាថ្មីម្តងទៀត សូមក្រុមការងារពាក់ព័ន្ធទាំងអស់បន្តអនុវត្តការងារនេះជាអាទិភាពទៅតាមជំនាញរៀងៗខ្លួន ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥ – ២០២៦នេះ ដោយក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព៕

