សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរអាកាសយានដ្ឋានអន្តរ​ជា​តិ​​តេ​ជោ ដែលចាប់ផ្តើមទទួលជើងហោះ​ហើរដំបូងគេ

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរដំបូងគេ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលដឹកភ្ញៀវទេសចរមកពីប្រទេសចិន ។ ជើងហោះហើរដំបូងគេនេះ មានការទទួលស្វាគមន៍ដោយ ឆៃយ៉ាំ និងការចែកវត្ថុអនុស្សាវរីយ៍ជូនដល់អ្នកដំណើរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជារូបទៀត។

ជាមួយនឹងការបើកទំព័រថ្មីនៃច្រកទ្វារភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នាពេលនេះ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាក៏បានពង្រឹង និងពង្រីកខ្លួន យ៉ាងសកម្មក្នុង ការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោមានលក្ខណៈទំនើប និងលម្ហធំទូលាយ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបាន ក្នុងនោះមានយន្តហោះប្រភេទ Airbus A380 និង Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១។ អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគក្រោមទឹកប្រាក់ ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និងកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ ពុទ្ធិកា