ជនភៀសសឹកខេត្តព្រះវិហារចំនួន ២,៦៦០គ្រួសារបន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ 

នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបជនភៀសសឹកចំនួន ២ពេល ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា មានជនភៀសសឹកសរុបចំនួន ២,៦៦០គ្រួសារ  បន្តមកទទួលម្ហូមអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨០គ្រួសារ ស្មើ ៦,៤៧០នាក់ និងទី២ ជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៨០គ្រួសារ ស្មើ ២,១១៣នាក់។

ការៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ 

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូមរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕